ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ,ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួម ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ,ឯកឧត្ដមទេសរដ្ឋមន្រ្ដី ,ឯកឧត្ដម លោកជំទាវរដ្ឋមន្រ្ដីក្រសួង ស្ថាប័ន ,ឯកឧត្ដម លោកជំទាវប្រតិភូអមនាយករដ្ឋមន្រ្ដី, ឯកឧត្ដម លោកជំទាវអភិបាលរាជធានី ខេត្ដ ,ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ដ និង ឯកឧត្ដម​ ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ ( Driesmans Igor)ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា, ឯកឧត្ដម លោកជំទាវ អគ្គរាជទូត, អគ្គរដ្ឋទូត, និងតំណាងដៃគូរអភិវឌ្ឍន៍ ។

ផ្អែកលើរបាយការណ៍​លម្អិតរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសម្រេចបាននាពេលកន្លងមក។ ទន្ទឹមនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានផ្ដាំផ្ញើ និងជំរុញ ជាថ្មីម្ដងទៀត ឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្ដសកម្មចូលរួម​អនុវត្ដ​តាមបេសកកម្ម, មុខងារ, កម្មវិធីការងារនិងគណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និងឆន្ទះកែទម្រង់​មោះមុតនៅក្នុងកម្មវិធី​នេះដូចត្រូវបានកំណត់​នៅក្នុងឯកសារ"ចក្ខុវិស័យនិងយុទ្ធសាស្រ្ដ ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ដំណាក់កាលទី៤"សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី សង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវ​បានអនុវត្ដប្រកបដោយជោគជ័យជាមួយ​នឹងការ​ដកស្រង់នូវមេរៀន​និងពិសោធន៍ល្អៗព្រមទាំង​ការតាមដាន, ការត្រួតពិនិត្យនិងការវាយតម្លៃ​ជាបន្ដបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយ​បញ្ហាប្រឈម និងជម្នះនូវឧបសគ្គ​ផង​ទាំងពួង ប្រកបដោយស្មារតីសាមគ្គី, កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាន​ នូវចក្ខុវិស័យ​ "កសាងប្រព័ន្ធ​ហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យឆ្លើយតបទៅតាមស្ដង់ដារ និងឧត្ដមានុវត្ដន៍អន្ដរជាតិ"។ ក្នុងពេលនេះផងដែរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដីបានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS )សម្រាប់ការអនុវត្ដនីតិវិធីចំណាយ​ចរន្ដទាំងស្រុង ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ៤៤ បន្ថែមទៀតចាប់ពីពេលនេះតទៅ ដែលនេះគឺជាជោគជ័យដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាល​ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ព័ត៌មានទាក់ទង